សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Saturday, July 31, 2021

លោកជំទាវ យក់ សម្បត្តិ ៖ ក្រសួងធានាថានឹងមានវ៉ាក់សាំង ចាក់ជូនគ្រប់ជនគោលដៅទាំងអស់ នៅទូទាំងប្រទេស

kkkចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ 

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ០១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ ហើយវ៉ាក់សាំងជាច្រើនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ទៀតនៅខែសីហាខាងមុខនេះ ដែលស្របពេលនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងជំទង់ ដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ៖ “នៅថ្ងៃទី០១ ខែសីហា ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងជំទង់ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយប្រើវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់នេះ ហើយយើងក៏បានត្រៀមវ៉ាក់សាំងវ៉ាក់សាំងស៊ីណូវ៉ាក់នេះរួចរាល់ហើយដែរ ដោយយើងមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃ ហើយថែមនឹងការមកដល់ជាបន្តបន្ទាប់ទៀតនោះ គឺយើងមានវ៉ាក់សាំងមិនខ្វះទេ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ដោយយើងមានវ៉ាក់សាំងយុទ្ធសាស្រ្តតាមរយៈការបញ្ជាទិញ និងវ៉ាក់សាំងគាំទ្រតាមរយៈជំនួយ ហើយដែលគ្រោងនឹងទទួលបានវ៉ាក់សាំងសរុបជាង ២៦លានដូស ត្រឹមខែពាក់កណ្តាលខែសីហានេះ”។

ដោយឡែក ពាក់ព័ន្ធនឹងវ៉ាក់សាំង អាស្រ្តាហ្សេនេកា និងវ៉ាក់សាំង ចនសុនអែនចនសុន ដែលកម្ពុជាទទួលបានពីជំនួយរបស់ជប៉ុន និងអាមេរិក កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល មានផែនការរួចហើយទៅតាមផែនការចាក់វ៉ាក់សាំងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស ទៅតាមបណ្តាខេត្តដែលប្រឈមទាំង០៩ នៅតាមព្រំដែន។

លោកជំទាវ បានឱ្យដឹងផងដែរថា បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥ ០០០ដូស ដល់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩នោះ ក្រសួងទទួលបានព័ត៌មានចុងក្រោយថាវ៉ាក់សាំងនេះ នឹងមកដល់ក្នុងអំឡុង ថ្ងៃទី០៣ ឬថ្ងៃទី០៤ ខែសីហាខាងមុខនេះ។

ពាក់ព័ន្ធនឹងប្រភេទវ៉ាក់សាំង ឬក៏ប្រសិទ្ធភាពនៃវ៉ាក់សាំងវិញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា គ្រប់វ៉ាក់សាំងទាំងអស់ សុទ្ធតែបានសិក្សាស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុនបានយ៉ាងល្អិតល្អន់ហើយ ដូច្នេះចំពោះចំណុចនេះគឺពុំមែនជាបញ្ហានោះទេ។ បញ្ហាគឺនៅត្រង់ថា បន្ទាប់ពីចាក់វ៉ាក់សាំងហើយ គឺយើងមានកងការពារមួយចំណែកប៉ុណ្ណោះ ហើយមួយចំណែកទៀត គឺការពារខ្លួនដោយអនុវត្តវិធានការ ០៣ការពារ និង០៣កុំ។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណ ១៨ ៨១១ ០០០ដូស រួចមកហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបញ្ជាទិញពីប្រទេសចិន មានចំនួន ១១លាន៥សែនដូស វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) មានចំនួន ៦លាន២សែនដូស (៣លានដូសបញ្ជាទិញ) និងវ៉ាក់សាំងកូវីសែល (Covishield) ដែលទទួលបានអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstraZeneca) ដែលជាអំណោយអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (Covax Facility) មានចំនួន ៣សែន២ម៉ឺន៤ពាន់ដូស និងជំនួយរបស់ជប៉ុន តាមរយៈយន្តការកូវ៉ាក់ (Covax Facility) ដូចគ្នា មានចំនួន ៣សែន៣ម៉ឺន២ពាន់ដូស (ក្នុងគម្រោង ១លានដូស) និងវ៉ាក់សាំង Johnson and Johnson ដែលជាជំនួយសហរដ្ឋអាមេរិកចំនួន ៤៥៥ ០០០ដូស៕

ដោយ ផែន រតនៈ

Friday, July 30, 2021

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ «TYDA» ទទួលអំណោយ ទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ ចំនួន ៣,១៥០ដប ពីសមាគមពាណិជ្ជកម្មចិននៅកម្ពុជា

kkkចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ដោយហេតុថា ស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានសញ្ញាវិជ្ជមាន ឬធូរស្រាលនៅឡើយនោះ សមាគមពាណិជ្ជកម្មចិននៅកម្ពុជា (CCCA) បាននាំយកផលិតផល GERMAGIC ដែលជាទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ ចំនួន ៣១៥០ដប ស្មើនឹងទឹកប្រាក់ ២៨៣៥០ដុល្លារអាមេរិក ទៅឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានាពេលនេះ លោក Chen An ជាតំណាងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា មានបានថ្លែងថា «ការចូលរួមនេះគឺជាទឹកចិត្ត និងជាសកម្មភាពសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នថ្នាក់ដឹកនាំប្រទេស កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន»

លោកថា សមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការទប់ទល់ប្រយុទ្ធប្រឆាំនូវជំងឺកូរីដ-១៩ ដ៏កាចសាហាវមួយនេះ នូវអ្វីដែលសមាគមអាចធ្វីទៅបាន។

ជាមួយគ្នានេះដែរ លោក Chen An ក៏បានសម្តែងនូវអំណរអរគុណដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្នុងការលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីជួយដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ លោកថា ខ្មែរនិងចិនរួមចិត្តតែមួយ ដើម្បីបំបាត់ជំងឺកូវីដ-១៩ នៅកម្ពុជា៕








Thursday, July 29, 2021

ប្រទេសថៃចំណាយថវិកាជិត ៧០០លានដុល្លារអាម៉េរិកដើម្បីជួយដល់សិស្សនិស្សិតឱ្យយកឈ្នះទៅលើជំងឺកូវីដ-១៩

kkkចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួន ២៣ប៊ីលានបាតបន្ថែមទៀត (៦៩៨លានដុល្លារអាម៉េរិក) ដើម្បីឧបត្ថម្ភធនថ្លៃសាលាសម្រាប់សិស្សនិស្សិតនៅតាមសាលារៀន និងសាកលវិទ្យាល័យនានា ដោយមានការឧបត្ថម្ភធនចាប់ពី ២ ០០០បាតសម្រាប់សិស្សនិស្សិតម្នាក់ រហូតដល់ ៥០ភាគរយនៃថ្លៃសិក្សារបស់ពួកគេ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីជួយដល់ឪពុកម្តាយសម្រាប់ការចំណាយលើកូនៗរបស់ពួកគេ។

លោក Anucha បាននិយាយថា ថវិកាមួយចំនួននឹងត្រូវផ្តល់ជូនសាលារៀននានា ជាពិសេសសាលារៀនដែលគ្រប់គ្រងដោយឯកជនដើម្បីជួយទូទាត់ការចំណាយ។ វិធានការនេះនឹងជួយឱ្យសាលារៀននានារក្សាការចំណាយដែលអាចគ្រប់គ្រងបាន។

ថវិកាចំនួន ១០ប៊ីលានបាតផ្សេងទៀតនឹងត្រូវផ្តល់ទៅឱ្យក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីជួយដល់និស្សិតសាកលវិទ្យាល័យថៃឱ្យបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅតាមគ្រឹះស្ថានសិក្សារដ្ឋ ឬឯកជននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

លោក Anucha បាននិយាយថា រដ្ឋាភិបាលនឹងឧបត្ថម្ភធន ៦០ភាគរយនៃការកាត់បន្ថយថ្លៃសិក្សា ហើយនៅសល់នឹងត្រូវចំណាយដោយសាកលវិទ្យាល័យ។ ចំពោះសាកលវិទ្យាល័យដែលបើកដំណើរការជាលក្ខណៈឯកជន រដ្ឋនឹងចំណាយថវិកាចំនួន ៥ ០០០បាតសម្រាប់ថ្លៃសិក្សារបស់និស្សិតម្នាក់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

Wednesday, July 28, 2021

ឯកឧត្តម ងួន រតនៈ អនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតថៃប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម

kkkចំនួនអ្នកទស្សនា: Views

 


 បាត់ដំបង: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គាទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង តំណាងឱ្យរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Jirawuth Suwanna ARJ ទីប្រឹក្សារដ្ឋមន្រ្ដីពាណិជ្ជកម្ម និង គណៈប្រតិភូស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជនថៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចមកនៅខេត្តបាត់ដំបង ចូលជួបសម្ដែងការគួរសម។

ក្នុងជំនួបនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយសារប៉ុន្មានខែចុងក្រោយនេះប្រទេសថៃ មានការផ្ទុះការរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរ ជាពិសេសគឺការផ្ទុះនូវជំងឺកូវីដ-១៩ ប្រភេទDeltaកាន់តែច្រើនឡើង ហើយចំណែកពលករចំណាកស្រុកខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ក៏នាំគ្នាសម្រុកត្រឡប់ចូលមកស្រុកកំណើតវិញ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបាននាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តបាត់ដំបង ។ នេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍អ្វីឡើយ ។ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នា កំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ហើយអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងធ្វើការរៀបចំចាត់ចែងបន្តក្នុងការចែកជូនពលករដែលកំពុងចត្តាឡីស័ក នៅក្នុងខេត្តបាត់ដំបងបន្តទៀតផងដែរ ។

អំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលភាគីមិត្តថៃប្រគល់ជូនពេលនោះមាន ទឹកប្រាក់ជិត ៧.០០០ដុល្លារអាម៉េរិក ផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចែកជូនពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ នៅតាមមណ្ឌលចត្តាឡីស័ក និងគោលបំណងទស្សនកិច្ចនេះ ក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នការសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគរបស់ភាគីថៃ នៅក្នុងខេត្តបាត់ដំបង ៕

  (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលផ្សាយ៖fbitvonline

Tuesday, July 27, 2021

ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃមានលើសពីចំនួន ៥០០ ០០០នាក់

kkkចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប្រទេសថៃបានរាយការណ៍អំពីចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃចំនួន ១៥ ៣៧៦នាក់កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ដែលបាននាំចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះកើនដល់ជាងកន្លះលាននាក់។

ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃក៏បានប្រកាសផងដែរអំពីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤ ១៤៦នាក់។

យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺ (DDC) របស់ប្រទេសថៃបានឱ្យដឹងថា បរិមាណនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងទីក្រុងបាងកកទំនងជានឹងធ្លាក់ចុះក្នុងរយៈពេលពី ៤ ទៅ ៦សប្តាហ៍ទៀត។

លោក Chakkarat Pittayawong-anont ប្រធានផ្នែករោគរាតត្បាតនៅ DDC បាននិយាយថា ប្រទេសថៃត្រូវបានគេរំពឹងថានឹងឃើញមានករណីឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀតនៅតាមបណ្តាខេត្តនានា ដែលរួមមានទាំងការឆ្លងក្នុងក្រុមគ្រួសារ និងអ្នកដែលវិលត្រឡប់ទៅផ្ទះវិញដើម្បីទទួលការថែទាំង និងព្យាបាល។

លោកបាននិយាយថា ស្ថានភាពនៅក្នុងទីក្រុងបាងកកមានភាពខុសគ្នាពីតាមបណ្តាខេត្តនៅជុំវិញ ដោយលោកបាននិយាយបន្ថែមថា បើទោះបីជាករណីឆ្លងមានការកើនឡើងក៏ដោយ ក៏អត្រាចាក់វ៉ាក់សាំងនៅទីនេះមានកម្រិតខ្ពស់ដល់ ៥០ភាគរយ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល


Monday, July 26, 2021

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អញ្ជើញដាំដើមសាកាកែវជុំវិញបន្ទប់ទឹកសាធារណៈ

kkkចំនួនអ្នកទស្សនា: Views

ព្រះសីហនុ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១–លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដាំដើម សាកាកែវលម្អនៅជុំវិញបន្ទប់ទឹកសាធា រណៈនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនសោភ័ណភាព បរិស្ថានឱ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ។

ពិធីដាំដើមសាកាកែវលម្អនៅជុំវិញបន្ទប់ទឹកសាធារណៈនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពី អាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ។

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានឱ្យដឹងថា ការដាំដើមសាកាកែវលម្អនៅជុំវិញបន្ទប់ទឹកសាធារណៈដែលស្ថិតនៅតាមបណ្ដោយឆ្នេរ គឺចាប់ពីឆ្នេរអូរឈើទាលរហូតដល់ឆ្នេរអូរត្រេះនេះ ជាសកម្មភាពនៃការចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថានបន្ថែមទៀត ព្រោះដើមសាកាកែវនេះវាជួយលម្អបរិស្ថានកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀតនៅជុំវិញបន្ទប់ទឹកសាធារណៈរបស់យើង និងវាមានផាសុកភាពបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោកជំទាវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលមក លេងកម្សាន្តនៅតាមឆ្នេរក្នុងក្រុងព្រះសីហនុ បានប្រើប្រាស់បន្ទប់ទឹកសាធា រណៈនេះ សូមជួយចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពទាំង អស់គ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ព្រោះបន្ទប់ទឹកសាធារណៈនេះ គឺជារបស់យើងទាំងអស់គ្នាដែលជាការចាំបាច់យើងត្រូវមានភារកិច្ចជួយចូលរួមថែរក្សាក្នុងការ ប្រើប្រាស់ជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ៕ ដោយ ៖ ងូ សុមុនី

Sunday, July 25, 2021

ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្ត លង្កាព្រះកុសុមារាម

kkkចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកទៀនព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេន សម្ដេច ព្រះ ធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីប្រើប្រាស់ពេលចូលព្រះវស្សា ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សុី បានប្រគេនទៀនព្រះវស្សា ទេយ្យទាន បច្ច័យ ១ ពាន់ដុល្លារ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាព្រះកុសុមារាម ក្នុងរដូវកាលចូលព្រះវស្សារយៈពេល ៣ខែ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សាដើម្បីសិក្សារៀនសូត្រ ធម៌វិន័យក្នុងទីអារាម។

ជាមួយនេះ ឯកឧត្ដមនិងលោកជំទាវក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ២០០ ដុល្លារ ប្រគេនព្រះសង្ឃ២០ អង្គដែលនិមន្តចូលរួមក្នុង ១ អង្គ ៥ មុឺនរៀល តាជី យាយជី ក្នុងម្នាក់ៗ ២ មុឺនរៀល កូនសិស្ស ក្នុងម្នាក់ ២ មុឺនរៀល ។

នៅក្នុងឱកាសនោះ សម្តេច ព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកជំទាវ ទេព រង្ស៊ី និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ហើយបានប្រទានពរ ដល់ឯកឧត្ដមនិងលោកជំទាវ សូមបានសមប្រកបនូវព្រះពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា តាមរយៈឯកសារពុទ្ធប្រវត្តិ បានបង្ហាញថា តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ ខែ ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។ ប្រជាពលរដ្ឋដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។

បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ ក្នុងអំឡុងពេល៣ខែនេះ បងប្អូនដែលមានទម្លាប់គោរព ព្រះពុទ្ធសាសនា និយមធ្វើម្ហូប នំចំណី មកប្រគេនព្រះសង្ឃជាបន្តបន្ទាប់ក្នុង អំឡុងពេលគង់ចាំព្រះវស្សានេះ ៕


Saturday, July 24, 2021

មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២ បន្ថែមទៀតទទួលបានទឹកបរិសុទ្ធ កម្ពុជាពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា»

kkkចំនួនអ្នកទស្សនា: Views



ភ្នំពេញ : ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នៅថ្ងៃទី ២៣ ខែកក្កដា មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២ រួមមានមណ្ឌលសុខភាព ព្រែកឯង និងមណ្ឌលសុខភាព ចាក់អង្រែ បានទទួលការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន ៣០០ កេស ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។

សូមបញ្ជាក់ផងដែរថា នេះ គឺជាផ្នែកមួយនៃផែនការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែ កក្កដា ។

គិតមកដល់ថ្ងៃនេះ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៦ បានទទួលទឹកបរិសុទ្ធ កម្ពុជា រួចរាល់ហើយ។ ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ បន្ថែមទៀត រួមមាន មន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកអង្គស្នួល មណ្ឌលសុខភាព ពញាពន់ មណ្ឌលសុខភាព ជ្រោយចង្វារ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។

គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេសដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគជាហូរហែបន្ថែមទៀត នាពេលខាងមុខ៕

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយ ១១០នាក់ និងស្លាប់ ២នាក់

kkkចំនួនអ្នកទស្សនា: Views

ខេត្តសៀមរាប: ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានដោយជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយ ១១០នាក់ និងស្លាប់ចំនួន ២នាក់។

ក្នុងនោះ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៤ ដល់ទី១៧ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី១៨ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ, ករណីទី១៩ ដល់ទី២២ គឺជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក និងករណីទី២៣ ដល់ទី៤៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក ស្រុកអង្គរជុំ។ ជាមួយនឹងនោះ ករណីទី៤៤ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ, ករណីទី៥២ ដល់ទី៥៤ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ករណីទី៥៥ ដល់ទី៥៧ ជាករណីឆ្លងបន្តពីអ្នកជំងឺពលករឈ្មោះ ថាំង វណ្ណា និងករណីទី៥៨ ជាករណីឆ្លងបន្តពីសពឈ្មោះ តូច សត្យា។ ចំពោះ ករណីទី៥៩ ដល់ទី៨៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯ ករណីទី៨៨ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ទន្ទឹមនឹងនោះ ក៏មានព្យាបាលជាសះស្បើយ ចំនួន ១១០នាក់ អ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។

នៅថ្ងៃនោះដែរ ក៏មានករណីស្លាប់ចំនួន ២ករណីដែរ ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ឡឹម ព្រឿន ភេទស្រី អាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២- ឈ្មោះ ហ៊ុយ សុធាឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣,៦២០នាក់, បានព្យាបាលជាសះស្បើយចំនួន ១,៨៥០នាក់, ស្លាប់ ៣៧នាក់ និង១,៧៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បានណែនាំល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគ។

រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Friday, July 23, 2021

ក្រសួងអប់រំលើកទឹកចិត្តសិស្សានុសិស្សដែលមកពីតាមបណ្តាខេត្ត ដែលពុំមានកន្លែងស្នាក់នៅ អាចដាក់ពាក្យចូលរៀន នៅសាលាអ៊ីធូស្ទេម បាន

kkkចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តសិស្សានុសិស្សដែលមកពីតាមបណ្តាខេត្ត ហើយដែលពុំមានកន្លែងស្នាក់នៅ អាចដាក់ពាក្យចូលរៀននៅសាលាអ៊ីធូស្ទេម ដោយខាងសាលានឹងរៀបចំកន្លែងស្នាក់នៅជូន ដើម្បីជួយសម្រួលការលំបាក និងការចំណាយ របស់សិស្សានុសិស្ស ។

ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សាលាអ៊ីធូស្ទេមដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះយុគន្ធរក្នុងរាជធានីភ្នំពេញ គឺជាសាលា ដែលបានទទួលការទ្រទ្រង់ពី ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំបន្ដថា ដោយបច្ចុប្បន្ន ៦១ភាគរយ នៃសិស្សរបស់សាលាអ៊ីធូស្ទេមទាំងអស់គឺជាសិស្សមកពីតាមបណ្តាខេត្ត។ ដូចនេះសាលាលើកទឹកចិត្តសិស្សានុសិស្សដែលមកពីតាមបណ្តាខេត្ត ក្នុងការដាក់ពាក្យចូលរៀន ដោយសិស្សមកពីតាមបណ្តាខេត្ត ដែលពុំមានកន្លែងស្នាក់នៅ សាលានឹងរៀបចំកន្លែងស្នាក់នៅជូន ។

ប្រភពដដែលបានឱ្យដឹងទៀតថា ការទទួលពាក្យចុះឈ្មោះចូលរៀនថ្នាក់ទី១០ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាតទៅ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចូលរៀនថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ក្រសួងអប់រំ បញ្ជាក់ថា បើសិស្សានុសិស្សមានបំណងចង់ដាក់ពាក្យចូលរៀន សូមចុះឈ្មោះនៅលើគេហទំព័ររបស់យើង៖ http://e2stem.org.kh/admissions/ និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខៈ ០១៧ ៤៩២ ២១៧៕


Thursday, July 22, 2021

ប្រមុខការពារជាតិរបស់កូរ៉េខាងត្បូង និងអង់គ្លេសព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ

kkkចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Suh Wook បានជួបជាមួយសមភាគីអង់គ្លេស លោក Ben Wallace នៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ និងបានពិភាក្សាអំពីវិធីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសនៅអ៊ឺរ៉ុបមួយនេះព្យាយាមពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យោងតាមក្រសួងនោះបានឱ្យដឹងថា ដោយអំពាវនាវដល់កូរ៉េខាងត្បូងដែលជាដៃគូសហប្រតិបត្តិការដ៏សំខាន់នៅក្នុងតំបន់ លោក Wallace បាននិយាយថា លោកសង្ឃឹមថានឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះក្នុងវិស័យការពារជាតិ ដោយលោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោកបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសចំពោះវិបុលភាព និងការអភិវឌ្ឍតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ។

លោក Wallace បានទៅដល់ទីនេះពីប្រទេសជប៉ុនដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ី ជាមួយនាវាដឹកយន្តហោះ HMS Queen Elizabeth របស់ចក្រភពអង់គ្លេសដែលគ្រោងនឹងចតនៅកំពង់ផែ Busan នៅភាគអាគ្នេយ៍ក្នុងខែកញ្ញាខាងមុខ។

លោក Wallace បាននិយាយថា ការទៅទស្សនានាវាដឹកយន្តហោះ Busan បានឆ្លុះបញ្ចាំងអំពីការចាប់អារម្មណ៍របស់អង់គ្លេសនៅក្នុងតំបន់នេះ។ ប្រទេសកូរ៉េខាងត្បូងកំពុងជំរុញឱ្យមាននាវាផ្ទុកយន្តហោះធុនស្រាលប្រភេទទម្ងន់ ៣០ ០០០តោន ជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួននៅត្រឹមឆ្នាំ ២០៣៣ ។

លោក Suh បានស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់អង់គ្លេសទៅលើតំបន់នេះ និងបានអំពាវនាវឱ្យមានការគាំទ្រចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាជំរុញការបង្កើតបណ្តាញពិគ្រោះយោធាយោធា ក៏ដូចជាការផ្លាស់ប្តូរថ្នាក់ខ្ពស់ផងដែរ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពប្រសើរឡើង៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) 


Wednesday, July 21, 2021

ជនបរទេសជាង២ពាន់នាក់រស់នៅក្នុងខេត្តសៀមរាបស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

kkkចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ជនបរទេសទាំង អស់ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀម រាប ទទួលបានការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩នាថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ នេះ ដោយមិនគិតថ្លៃគ្រប់ៗគ្នា និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចាប់ផ្ដើមដំណើរការដូស ទី១ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ជូនដល់ជន បរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកបន្តថា ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសនាពេលនេះ បានធ្វើឡើងក្រោមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានគិតគូរអំពីសុខមាល ភាពរបស់ប្រជាពលរដ្ឋនិងជន បរទេសគ្រប់រូប ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប។

លោកបន្តថា ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ សម្រាប់ជនបរទេសនាពេល នេះ គឺផ្តល់ជូនចំពោះតែជន បរទេសណា ដែលបានធ្វើសំណើមកកាន់រដ្ឋបាលខេត្ត សៀមរាបប៉ុណ្ណោះ ដែលរហូត មកដល់ពេលនេះ មានចំនួនប្រមាណជាង២ពាន់នាក់ហើយ ពិសេសគឺធ្វើឡើង តាមគោលការណ៍មិនគិតថ្លៃ និងស្ម័គ្រចិត្ត ហើយក្រុមការ ងារត្រូវចាក់ជូនឱ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្ក ដា ឆ្នាំ២០២១នេះ ក្នុងករណីនៅតែមានប្រជាពលរដ្ឋឬជន បរទេសស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងនោះ យុទ្ធនានេះនឹងបន្តត្រូវធ្វើឡើងបន្តទៀត។

"ក្រោមការចង្អុល បង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអភិបាលក្រុង លោកបានចង្អុលបង្ហាញ អំពីការចាក់វ៉ាកសាំងសម្រាប់ជនបរ ទេស ដែលគាត់ស្នាក់នៅនិងប្រកបអាជីវកម្ម នៅក្នុងទីរួម ខេត្តសៀមរាបទាំងអស់ ដើម្បីទទួលបានវ៉ាក់សាំង។សូមជម្រាបថា ការចាក់វ៉ាក់ សាំងនេះ គឺហ្វ្រី(Free) អត់ មានទទួលលុយកាក់អីពីពួក គាត់ទេ គឺដោយការស្ម័គ្រចិត្តនិងផ្តល់ជូនគាត់ អ៊ីចឹងក្នុងថ្ងៃទី២០នេះ យើងឃើញថាជនបរទេសគាត់មកយ៉ាង ច្រើន អ៊ីចឹងយើងស្វាគមន៍គាត់ជានិច្ចយើងនឹងធ្វើការឱ្យអស់លទ្ធភាព បើសិនថ្ងៃនេះចាក់អត់អស់ទេ យើងនឹងបន្តទៅថ្ងៃស្អែកឬថ្ងៃខានស្អែក ព្រោះតាមគោលការណ៍ណែ នាំរបស់ថ្នាក់ខេត្តឱ្យយើងចាក់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី២៣ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋយើងក្តី ជនបរទេសក្តី បើសិននៅមានបន្តទៀតយើងនឹងស្នើ សុំគោលការណ៍ចាក់បន្តដើម្បីចាក់រហូតទាល់តែអស់"។

សូមជម្រាបថា បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តសៀម រាប ក៏កំពុងដំណើរការចាក់

ដូសទី១ ដែលប្រព្រឹត្តទៅដោយរលូន៕