សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Wednesday, July 8, 2020

ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា អរគុណគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

kkkចំនួនអ្នកទស្សនា: Views




ការថ្លែងអំណរគុណនេះ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
កិច្ចប្រជុំនេះ ពិភាក្សាលើ៖ ១៖ របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ និង
២៖ ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ លើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣។
តាមរយៈការរៀបចំជាប្រព័ន្ធវីឌីអូ, កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងជាសមាជិកគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, តំណាងដៃគូអភិវឌ្ឍន៍ (សហភាពអឺរ៉ុប ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការយូនីសេហ្វ) និងតំណាងអង្គការក្រៅរដ្ឋាភិបាល ផងដែរ។
១៖ វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣៖ ការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៩ សម្រេចបានវឌ្ឍនភាពល្អប្រសើរ លើគ្រប់ផ្នែកនៃក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៣ ក្នុងនោះ៖
«ភាពជឿទុកចិត្តនៃថវិកា» នៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាពនៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន១៣១% នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើ ២៧,៧៤០ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន៩៩.០៥% ឬស្មើ ២៣,៤៦៨ ប៊ីលានរៀល។
«ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ» ត្រូវបាន និងកំពុងកសាងតាមរយៈ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅគ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគារទាំង ២៥ រាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន៣៧។
«ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» បាន និងកំពុងផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា តាមរយៈការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ថវិកាជាឧបករណ៍សម្រាប់ ជំរុញការអភិវឌ្ឍតាមវិស័យ។
គិតត្រឹមឆ្នាំ២០១៩, ថវិកាកម្មវិធីត្រូវបានដាក់ឲ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន១៨។ រដ្ឋបាលរាជធានី-ខេត្តផ្សេងទៀត នឹងត្រូវដាក់ឲ្យអនុវត្ត ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២១។
«សម្រាប់ការត្រៀមខ្លួនជំហានបន្ទាប់ ឬ គណនេយ្យភាពសមិទ្ធកម្ម», ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំច្បាប់ ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មី, កែសម្រួលអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត-ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣, យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការ វិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ ។
យុទ្ធសាស្រ្តនីមួយៗ មានផែនការសកម្មភាពលម្អិត ដើម្បីឱ្យការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
* ជាយន្តការសម្រាប់ការគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព, ក.ស.ហ.វ. បានបណ្តុះបណ្តាល មន្រ្តីរាជការ នៃ ក.ស.ហ.វ. និងក្រសួង-ស្ថាប័នចំនួន ១,០៥៩រូប លើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកំពុងរៀបចំការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍន៍សមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ។
២៖ ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ លើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងផ្អែកលើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣, ដៃគូអភិវឌ្ឍន៍ រួមគ្នាបានផ្តល់នូវមតិយោបល់ចំនួន ១៩ សម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយគិតគូរពីការលើកកម្ពស់ភាពធន់នៃសង្គម (social resilience) តាមរយៈវិធានការគោលនយោបាយគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចនិងសង្គម។
ជារួម, អង្គប្រជុំពិនិត្យឃើញថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពរឹងមាំក្នុងការបង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ដែលអាចកើតចេញពីកត្តាខាងក្រៅ។
ជាក់ស្តែង, ចំពោះមុខការថមថយនៃកំណើនសេដ្ឋកិច្ចដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការឆ្លើយតប ដោយបង្កើតនូវក្រុមការងារចំពោះកិច្ចចំនួន៤ ដើម្បី១៖ រៀបចំគោលនយោបាយថវិកា ហិរញ្ញវត្ថុ និងជំនួយសង្គម, ២៖ គ្រប់គ្រងការផ្គត់ផ្គង់ និងតម្លៃទំនិញយុទ្ធសាស្រ្ត, ៣៖ រៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម និង ៤៖ រៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់។
ទន្ទឹមនឹងការរៀបចំយន្តការក្រុមការងារច្បាស់លាស់, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការគោលនយោបាយចំនួន៤ជុំ ដើម្បីអន្តរាគមន៍ ក្នុងការគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងរក្សាលំនឹងនៃសេដ្ឋកិច្ចនិងសង្គមរួមមាន៖
១៖ ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាន ក្នុងពេលដ៏លំបាកនេះ
២៖ ជួយដល់កម្មករនិយោជិក ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឲ្យមានលំនឹងជីវភាព និងអាចអភិវឌ្ឍន៍ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួន សម្រាប់អនាគត
៣៖ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ
៤៖ កម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលទុក្ខលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រ ខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់ យកការងារក្នុងវិស័យថ្មី។
សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២០នេះ, រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។ ការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បីពង្រឹងការគ្រប់គ្រង ចំណាយបន្ទុកបុគ្គលិក ឲ្យបានម៉ឺងម៉ាត់បំផុត ដោយអនុវត្តគោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ «រក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ ២០១៩» និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចំាបាច់ខ្លាំង, មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយកទៅបំពេញមុខចំណាយចំាបាច់ថ្មីៗ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសមាជិកគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង-ស្ថាប័ន ឲ្យបន្តពង្រឹងការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានស្វាគមន៍ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតំណាងដៃគូអភិវឌ្ឍន៍ ដែលជានិច្ចកាលផ្តល់ នូវកិច្ចសហប្រតិបត្តិការល្អ រួមទាំង ផ្តល់ជាជំនួយបច្ចេកទេស និងធនធានហិរញ្ញវត្ថុ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញមុខងារ របស់ខ្លួនជាសេនាធិការ ជូន គ.ហ.ស ទាំងការងារដឹកនាំ, សម្របសម្រួល, គាំទ្រ និងត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងប្រចាំត្រីមាស និងប្រចាំឆ្នាំ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងទាំងទិដ្ឋភាពការងារកែទម្រង់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងមូល៕

សម្ដេចក្រឡាហោម ស ខេង បញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតំបន់ការពារធម្មជាតិ

kkkចំនួនអ្នកទស្សនា: Views

ដើម្បីអនុវត្តវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវការណែនាំដូចខាងក្រោម៖
*ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្តនានា ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដី ជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍
*ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យ មាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។ រាល់ការ រុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់
*ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន
*ចំពោះទីតាំងដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ
*ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលជាមន្ត្រី មានសមត្ថកិច្ចដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានា ពាក់ព័ន្ធនឹងដីធ្លី
*ក្នុងការចាត់ចែងអនុវត្តការងារខាងលើនេះ រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ៕

អ្នកធ្វើដំណើរទាំងអស់ចេញពីប្រទេសឡាវ ត្រូវតែមានលិខិតបញ្ជាក់សុខភាព, នេះបើតាមអាជ្ញាធរសុខាភិបាលឡាវ

kkkចំនួនអ្នកទស្សនា: Views

គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងបង្ការ COVID-19 នៃប្រទេសឡាវបានឱ្យដឹងថា រាល់អ្នកដំណើរទាំងអស់ ក្នុងនោះរួមទាំងអ្នកដំណើរជាប្រជាជននៅក្នុងស្រុក ត្រូវតែមានលិខិតបញ្ជាក់សុខភាពជាមុនសិន បើសិនជាពួកគេចង់ធ្វើដំណើរទៅកាន់ប្រទេសដទៃ។ គណៈកម្មាធិការនេះដដែល បានបន្ថែមទៀតថា អ្នកដំណើរដែលមិនមានលិខិតបញ្ជាក់សុខភាព អាចនឹងត្រូវបដិសេធចូលក្នុងប្រទេសជាគោលដៅរបស់ពួកគេ។
គួរបញ្ជាក់ថា បើក្រុមមន្ត្រីឡាវ ប្រជាជននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងស្នើសុំធ្វើលិខិតបញ្ជាក់សុខភាព នៅតាមមន្ទីរពេទ្យទូទាំងប្រទេស។ ប៉ុន្តែអ្នកមានរោគសញ្ញាក្អក, ឈឺបំពង់ក, គ្រុនក្ដៅ ឬរោគសញ្ញាសង្ស័យពាក់ពា័ន្ធនឹង COVID-19 ឬក៏ធ្លាប់បានប៉ះពាល់ជាមួយមនុស្សឆ្លងជំងឺនេះ នឹងមិនត្រូវបានអនុញ្ញាត ឱ្យធ្វើលិខិតបញ្ជាក់នេះទេ ដោយត្រូវរង់ចាំរហូតការពិនិត្យសុខភាពរួចរាល់៕

អភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការធ្ងន់ធ្ងរលើអ្នករំលោភប្រឡាយលូប្រាំ ក្នុងខណ្ឌមានជ័យ

kkkចំនួនអ្នកទស្សនា: Views

លោក ឃួង ស្រេង បញ្ជាក់ថា បើចៅសង្កាត់ និងខណ្ឌ មិនប្តឹងទៅតុលាការ លោកនឹងប្តឹងអាជ្ញាធរសង្កាត់ខណ្ឌវិញ។
លោក ឃួង ស្រេង បញ្ចេញប្រតិកម្មបែបនេះ ខណៈលោកដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៍បូមទឹកលូប្រាំ ដែលបានសាងសង់រួចរាល់ នៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងភូមិប្ញស្សី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។
លោកបានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ឲ្យកាយដីចេញពីប្រឡាយជាបន្ទាន់។ លោកបញ្ជាក់ថា «កម្មសិទ្ធិគាត់ត្រឹមណា ទុកត្រឹមហ្នឹងទៅគឺទុករយៈពេលមួយសប្តាហ៍ ដើម្បីឲ្យកាយដីចេញ។ បើគេមិនកាយទេ រៀបចំឯកសារដាក់បណ្តឹងទៅតុលាការ»
លោក ឃួង ស្រេង ថ្លែងថា ប្រព័ន្ធបង្ហូរទឹកជាប្រភពរស់របស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរខណ្ឌសង្កាត់ អ្នកមានលុយដែលចាក់ដីរំលោភចូល ប្រឡាយនេះឈ្មោះ ហាំង គង់ ដែលជាឈ្មួញរកស៊ីជីកដី និងដឹកដីលក់៕

ហ៊ានទេ? ចិនបបួលអាមេរិកកាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែរ ប្រសិនបើអាមេរិក ចង់ឲ្យចិនចូលតុចរចាត្រីភាគី!

kkkចំនួនអ្នកទស្សនា: Views

ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រទេសចិនចូលរួមកិច្ចចរចាត្រីភាគី ដើម្បីបន្តសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលមានសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងនោះស្រាប់ ប៉ុន្តែវានឹងត្រូវផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ ខណៈកិច្ចចរចារវាងរុស្ស៊ី និងអាមេរិកកាលពីខែមិថុនា មិនបានចេញលទ្ធផលវិជ្ជមាននោះឡើយ។
ជុំវិញបញ្ហាខាងលើនេះ លោក ហ្វូ ខុង (Fu Cong) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន បានប្រាប់អ្នករាយការណ៍ព័ត៌មាននានានៅប៉េកាំងថា «ចិនគ្មានចំណាប់អារម្មណ៍ ក្នុងការចូលរួមកិច្ចចរចានុយក្លេអ៊ែរ ជាមួយអតីតមហាអំណាច កាលពីសម័យសង្គ្រាមត្រជាក់ឡើយ ព្រោះបច្ចុប្បន្ននេះ អាមេរិកមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ២០ដងច្រើនជាងចិន...។ ខ្ញុំអាចធានាចំពោះអ្នកថា ប្រសិនបើអាមេរិកអាចកាត់បន្ថយ (ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ) មកនៅត្រឹមកម្រិតដូចចិន នោះចិននឹងរីករាយក្នុងការចូលរួម (កិច្ចចរចានុយក្លេអ៊ែរ) នៅថ្ងៃបន្ទាប់។ ប៉ុន្តែមើលទៅ វាមិនអាចកើតឡើងនោះឡើយ»
គួរបញ្ជាក់ថា បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ ការចង់អូសចិនឲ្យចូលតុចរចានុយក្លេអ៊ែរ នោះគ្រាន់តែជាលេសបង្វែងដាន ដើម្បីឲ្យសហរដ្ឋអាមេរិក អាចដើរចេញពីសន្ធិសញ្ញា New START ដោយល្អមើលប៉ុណ្ណោះ។ មន្ត្រីចិនបានសង្កត់ធ្ងន់ទៀតថា គោលដៅចម្បងរបស់អាមេរិក គឺការរំដោះខ្លួនចេញពីការរឹតត្បិតនានា ហើយមានសេរីភាពក្នុងការបង្កើនអំណាចយោធា ទៅតាមអ្វីដែលខ្លួនចង់បាន៕

ជនជាប់ចោទម្នាក់ទៀត ត្រូវបានចាប់ខ្លួនតាមអំណាចដីកាតុលាការ ពាក់ព័ន្ធជាមួយអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ស ថាវី រឿងដីធ្លីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

kkkចំនួនអ្នកទស្សនា: Views

លោកឧត្តមសេនីយទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ការចាប់ខ្លួនឈ្មោះ ម៉ាត់ ឌី ធ្វើឡើងតាមអំណាចដីការបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជាធានីភ្នំពេញ ក្នុងសំណុំរឿង «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។
លោកឧត្តមសេនីយទោ ប៉ុល រតនា បានបញ្ជាក់បន្ថែមទៀតថា នៅមានជនត្រូវចោទម្នាក់ទៀត ដែលកម្លាំងសមត្ថកិច្ចរបស់លោកកំពុងស្វែងរកចាប់ខ្លួន តាមអំណាចដីការបស់តុលាការ គឺឈ្មោះ អ៊ុក ភក្តី។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ ខណៈមនុស្សដែលពាក់ពន្ធ័ក្នុងសំណុំរឿងនេះ ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ លោកបានអញ្ជើញឈ្មោះ ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ មកសួរនាំសំណុំរឿងបន្ថែមនទៀតជាច្រើន ក្នុងនោះក៏មានរឿងបញ្ហាជាប់ពាក់ព័ន្ធដីធ្លីជាច្រើន ព្រមទាំងនៅខណ្ឌព្រែកព្នៅផងដែរ។
ពាក់ក្រុមជនត្រូវចោទនេះដែរ លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យផងនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។
ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖
*ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
*ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន)
*ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន)
*ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន)
*ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
*ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
*ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
*ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
*ទី៩៖ និង គូកន (ក្រៅឃុំ)៕